កិច្ចប្រជុំលើកទី២៧ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣
2 នាក់

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១     គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមថ្លែងនូវសុន្ទរកថាបើកក្នុងនាមជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី២៧ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម បានថ្លែងថា ប្រទេសកម្ពុជាមានមោទនភាព និងកិត្តិយសក្រៃលែងដែលត្រូវទទួលរៀបចំ កិច្ចប្រជុំដែលពាក់ព័ន្ធនិងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បន្ទាប់ពីកិច្ចប្រជុំដំបូងនៅរាជធានីភ្នំពេញ ឆ្នាំ២០០៤ កន្លងមក។ អស់រយៈពេលជាង១០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ដំបូងនោះឃើញថា គ្រោះមហន្តរាយកាន់តែបន្តកើនឡើងមកលើតំបន់អាស៊ីអាគ្នេយ៍របស់យើង ហើយយើងក៏បានរួបរួមគ្នាដោះស្រាយបានសមស្រប។ កិច្ចការទាំងឡាយ ដែលបានលើកឡើងក្នុងកិច្ចប្រជុំដំបូងនោះ ដូចជា វិធានការ ដែលត្រូវអនុវត្តបន្ទាន់ដើម្បីកែលម្អការឆ្លើយតបនៅថ្នាក់តំបន់ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរយៈពេលវែង ត្រូវបានអាស៊ានយើងយកមកអនុវត្តចំណុចសំខាន់ ដែលជាជោគជ័យរបស់អាស៊ាននោះគឺ ការសម្រេចបាននូវកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតប សង្គ្រោះបន្ទាន់ ដែលជាឯកសារច្បាប់សម្រាប់ការអនុវត្តកាន់តែច្បាស់លាស់ថែមទៀត អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេស សមាជិកអាស៊ាន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយគ្នាទៅវិញទៅមក និងការចែករំលែកធនធានដើម្បីបំពេញអោយគ្នាទៅវិញទៅមកនៅពេលដែលមានឧប្បត្តិហេតុគ្រោះមហន្តរាយ។ ការកើតមានគ្រោះមហន្តរាយកន្លងមកនេះឃើញថាមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) បានបំពេញមុខងាររបស់ខ្លួនជាយន្តការបម្រើកាន់តែមានទំនុកចិត្តក្នុងការកាត់បន្ថយការខូចខាត និងការបាត់បង។ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក កិច្ចប្រជុំដែលប្រារព្ធឡើងនៅពេលនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅគ្រប់កម្រិត។ ខ្ញុំកត់សម្គាល់ថា នេះជាពេលវេលាមួយក្នុងការផ្លាស់ប្តូរទស្សនៈលើការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់សុវត្ថិភាពតំបន់អាស៊ាន បង្កើតគោលការណ៍សម្រាប់ការត្រៀមបង្ការ ការត្រៀមរៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ កម្មវិធីការងារសម្រាប់ធ្វើសកម្មភាពនាពេលអនាគត ដែលប្រទេសជាសមាជិកនីមួយៗមានភារៈកិច្ចទទួលខុសត្រូវជាចម្បង ដើម្បីសហប្រតិបត្តិការគ្នាក្នុងការកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់។ ឆ្លៀតឱកាសដ៏មានតម្លៃនេះ ខ្ញុំសូម ជម្រាបជូនអំពីការចូលរួមរបស់កម្ពុជាកន្លងមកលើការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ជាមួយការចូលរួមវិភាគទានប្រចាំឆ្នាំដល់មជ្ឈមណ្ឌល សម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការបកប្រែឯកសារពីភាសាអង់គ្លេស មកភាសាជាតិ (ខ្មែរ) ដូចជា កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) កម្មវិធីការងារ AADMER ២០១០-២០១៥ និងនីតិវិធី ប្រតិបត្តិការជាស្តង់ដា (SOP) ហើយបានធ្វើការផ្សព្វផ្សាយដល់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល រាជធានីខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជ្រាបសម្រាប់ការចូលរួមអនុវត្ត។ ទាក់ទងការពង្រឹងសមត្ថភាព ខ្ញុំសូម អរគុណចំពោះលេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌល AHA ក៏ដូចជាសហគមន៍ផ្តល់ជំនួយដែលបានផ្តល់ សម្ភារៈបណ្តុះបណ្តាលជំនាញក៏ដូចជា ការហ្វឹកហាត់ការងារដល់    មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយយើងខ្ញុំ ទទួលបានចំណេះដឹង បច្ចេកទេសវិទ្យាសាស្ត្រ។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងលើកកម្ពស់សមត្ថភាពនានាទាក់ទងនិងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការឆ្លើយតបបានទៅនឹងកិច្ចព្រមព្រៀង AADMER ក្របខ័ណ្ឌការងារយូហ្គោ (HFA) ដូចជាការរៀបចំនូវផែនការសកម្មភាព និងលិខិតបទដ្ឋានផ្សេងៗ ដូចជា ការបញ្ជ្រាបការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ធនធានទឹក។ ការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រូវបានដាក់បញ្ជូលទៅក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ផងដែរ។ អ្វីដែលជាគោលបំណងសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកកម្ពុជានោះ គឺច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ហើយច្បាប់នេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសអោយប្រើនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ មុននឹងបញ្ចប់ ខ្ញុំជឿជាក់ថាកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី២៧ នេះ នឹងកំណត់បាននូវការព្រមព្រៀងគ្នានូវទស្សនទានជាសំខាន់ ‹‹អាស៊ានតែមួយ ការឆ្លើយតបតែមួយ›› ដើម្បីអោយអាស៊ានក្លាយជាសហគមន៍មានសុវត្ថិភាព និងភាពធន់ទៅនឹងគ្រោះមហន្តរាយ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់កិច្ចប្រជុំទទួលបានជោគជ័យ និងសូមអោយឯកឧត្តម លោកជំទាវ លោកស្រី អស់លោក សមប្រកបដោយសុខភាពល្អ មានបញ្ញាភ្លឺថ្លា និងវឌ្ឍនភាពក្នុងការងារ។ ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីពេលនេះតទៅ និងសូមប្រគល់ភារៈកិច្ចជូន ឯកឧត្តម ម៉ា នរិទ្ធដំណើរការងារបន្ត។